ក្រសួងឧស្សាហកម្ម វបន និងគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិ​បត្តិ​ការដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចកម្ពុជា

ក្រសួងឧស្សាហកម្ម វបន និងគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិ​បត្តិ​ការដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ផលិតភាពសេដ្ឋកិច្ច​កម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ​ដើម្បី​លើកកម្ពស់ផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា។

កិច្ចប្រជុំបានផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីរួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌគោល​នយោ​បាយ​ជាតិ​ផលិតភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២-២០៣៥ និងផែនការមេផលិតភាព​ជាតិ ដែលត្រូវ​បាន​សហការរៀបចំដោយអង្គការផលិតភាពអាស៊ី។

ឯកឧត្តរដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌល​ជាតិ​ផលិតភាពកម្ពុជា ដែលជាអង្គភាពក្រោមឱវាទក្រសួងទទួលបន្ទុកលើការលើកកម្ពស់ផលិតភាព​វិស័យ​ឯក​ជន​។ ឯកឧត្តបានបន្ថែមថា ក្រសួងកំពុងពិនិត្យការងារលើកកម្ពស់ផលិតភាពក្នុងខ្សែច្រវាក់​ផលិត​កម្ម​ទាំង​មូល រួមទាំងតាមរយៈការបណ្តុះបណ្តាលនៅនឹងទីតាំងរោងចក្រ-សហគ្រាស ការប្រឹក្សាធុរកិច្ច និង​ផលិត​​ភាពហេដ្ឋារចនាសម្ព័ន្ធផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។

ឯកឧត្តបានជម្រាបជូនគណៈប្រតិភូថា ក្រសួងក៏កំពុងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍតំបន់ប្រមូល​ផ្តុំ​ឧស្សាហកម្ម ដែលអាចឱ្យរោងចក្រ-សហគ្រាសបង្កើនផលិតភាព ដូចជាផលិតវេនយប់ ឬផលិត២៤ម៉ោង និងថា សហគ្រិន​ខ្មែរក៏នឹងរួមចំណែកគាំទ្រដល់រធុរកិច្ចកាតាលីករ (market catalysts) ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យមផងដែរ។

ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការជាតិផលិតភាព​សេដ្ឋកិច្ច​កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកទិន្នន័យនៅក្នុងប្រព័ន្ធអេកូឡូស៊ីផលិតភាពជាតិ ការអភិវឌ្ឍសមត្ថភាពតាមរយៈការសហការរៀបចំសិក្ខាសាលា ការផ្សព្វផ្សាយតាមទីសាធារណៈ និងយុទ្ធ​នា​ការនានា ក្នុងគោលបំណងលើកកម្ពស់ផលិតភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអគ្គលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំរួមជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ផលិតភាពគួរត្រូវបានចាត់ទុកជាការវិនិយោគ មិនមែនជា​ចំណាយ​ចរន្តនោះទេ។